តែបៃតង ត្រូវបានគេស្គាល់ថាជាភេសជ្ជៈដែលផ្តល់សុខភាពល្អបំផុតក្នុងលោកនេះ ព្រោះតែវាគ្មានកាឡូរី។ អត្ថប្រយោជន៍របស់វាមានច្រើនណាស់ចាប់ពីសម្រកទម្ងន់រហូតដល់បង្ការជំងឺមហារីក និងបេះដូង ហើយបច្ចុប្បន្ននេះក៏មានការពេញនិយមនៅតំបន់លោកខាងលិចដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីអត្ថប្រយោជន៍ដ៏ច្រើននោះ តែបៃតងក៏មានផលរំខានមួយចំនួនដែលអ្នកទាំងអស់គ្នាគួរស្វែងយល់ដែរ។
ធ្វើឱ្យខ្វះគ្រាប់ឈាម
ធ្វើឱ្យខ្វះគ្រាប់ឈាម
វត្តមានរបស់សារធាតុ Catechins ក្នុងតែបៃតងអាចកាត់បន្ថយការបឺតស្រូបជាតិដែកចេញពីអាហារ ដែលជាហេតុនាំឱ្យមានកង្វះគ្រាប់ឈាមបាន ដូច្នេះអ្នកគួរតែចៀសវាងការញ៉ាំតែជាមួយការញ៉ាំអា ហារ។ ប៉ុន្តែបើសិនជាអ្នកចូលចិត្តញ៉ាំតែបៃតងជាមួយអាហារ អ្នកគួរតែញ៉ាំអាហារណាដែលសម្បូរជាតិដែក និងវីតាមីន C ព្រោះវាអាចជួយបង្ការអាការៈកង្វះគ្រាប់ឈាមបាន។
ប៉ះពាល់ដល់ការលូតលាស់ទារកក្នុងផ្ទៃ និងទារកទើបនឹងកើតក្នុងពេលបំបៅដោះ
អ្នកគួរតែចៀសវាងការញ៉ាំតែលើសពីពីរពែងក្នុងមួយថ្ងៃបើសិនជាមានផ្ទៃពោះ ឬកំពុងតែបំបៅដោះ កូន។ ជាតិតែប៉ុណ្ណេះមានសារធាតុកាហ្វេអ៊ីនប្រហែល ២០០មីលីក្រាមហើយ តែបើសិនជាញ៉ាំច្រើនជាងនេះអាចនាំអោយប្រឈមនឹងការរលូតកូនខ្ពស់បាន។ កាហ្វេអ៊ីនក៏អាចជ្រាបចូលទៅក្នុងទឹកដោះ និងប៉ះពាល់ដល់ទារកក្នុងពេលបំបៅដោះដែរ។
អាចបណ្តាលឱ្យរលាកពេលញ៉ាំអាហារលឿន ឬពោះទទេ
អ្នកគួរតែកាត់បន្ថយការញ៉ាំតែបៃតងកុំឱ្យលើសពីពីរទៅបីដងក្នុងមួយថ្ងៃ។ អ្នកក៏គួរតែកុំញ៉ាំនៅពោះទទេដែរ ព្រោះសារធាតុ Tannins ក្នុងតែបៃតងនឹងបង្កើនការបញ្ចេញអាស៊ីតក្រពះ ដែលជាហេតុនាំឱ្យមានផលរំខានរបស់វាដូចជា ទល់លាមក ក្អួត និងចង្អោរជាដើម។
មានប្រតិកម្មនឹងថ្នាំជាច្រើនប្រភេទ
តែបៃតងត្រូវបានគេដឹងថាមានប្រតិកម្មនឹងថ្នាំជាច្រើន។ ថ្នាំភ្ញោច ដែលមានមុខងារទៅលើប្រព័ន្ធសរសៃប្រសាទមិនគួរណាញ៉ាំជាមួយនឹងតែបៃតងឡើយ។ ជាតិកាហ្វេអ៊ីនក្នុងតែបៃតងនឹងបង្កើនល្បឿនមុខងារប្រព័ន្ធសរសៃប្រសាទ និងអាចបណ្តាលអោយមានឥទ្ធិពលធ្ងន់ធ្ងរដូចជា វិលមុខ លើសសម្ពាធឈាម និងចង្វាក់បេះដូងដើរលឿន។
ឥទ្ធិពលរបស់កាហ្វេអ៊ីនក្នុងតែបៃតងក៏នាំឱ្យមានជំងឺច្រើនដែរ
ជាធម្មតាជាតិកាហ្វេអ៊ីនគឺមានក្នុងកាហ្វេ ប៉ុន្តែតែបៃតងមួយពែងក៏មានកាហ្វេអ៊ីន២៤ ទៅ៤៥មីលីក្រាមដែរ។ ដូច្នេះបើសិនជាការញ៉ាំតែបៃតងរហូតដល់៤ ទៅ៥ដងក្នុងមួយថ្ងៃ វាអាចនឹងមានជំងឺជាច្រើនដូចជា៖
• ថប់អារម្មណ៍
• ជំងឺទឹកនោមផ្អែម
• ទល់លាមក
• គេងមិនលក់
• រលាកពោះវៀន
• បេះដូងដើរខុសធម្មតា
• ក្រហាយដើមទ្រូង
• ញ័រសាច់
បណ្តាលឱ្យពុកឆ្អឹង
តែបៃតងនឹងទៅទប់ស្កាត់ការប្រើប្រាស់ជាតិកាល់ស្យូមក្នុងរាងកាយ និងបញ្ចេញជាតិកាល់ស្យូមពីក្នុងឈាមទៀត ដូច្នេះវាពិតជាងាយនាំឱ្យឆ្អឹងពុកខ្លាំងណាស់។ ដូច្នេះអ្នកគួរតែធ្វើយ៉ាងណាញ៉ាំតែបៃតងត្រឹមតែ ៣០០មីលីក្រាមក្នុងមួយថ្ងៃបានហើយ។
រាល់ផលរំខានទាំងអស់នេះមិនមែនលុបអស់នូវអត្ថប្រយោជន៍ជាច្រើនរបស់តែបៃតងឡើយ ប៉ុន្តែអ្វីដែលអ្នកគួរធ្វើនោះគួរតែមានដែនកំណត់ និងតាមដានទៅលើបរិមាណរបស់វាទើបជាប្រយោជន៍ធំ និងចៀសវាងការប្រើប្រាស់ច្រើនជ្រុល៕