Thursday, March 16, 2017

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​មែន​ជារបស់​រដ្ឋនឹង​ត្រូវបាបផ្តាច់ចុងខែនេះហើយ

តាម​គម្រោង​នៅ​ចុង​ខែ​មីនា​នេះ រដ្ឋាភិបាល​នឹង​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ទាំង​អស់ នៅ​កម្ពុជា​ផ្ដាច់​សម្លេង​រោទិ៍CallTune ស្ដីពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា ជា​របស់ឯកជន​មិន​មែន​ជា​របស់​រដ្ឋ។ គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ពលរដ្ឋ​កម្ពុជា​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​ហើយ ដែល​បាន​ដឹង​ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ជារបស់​ឯកជន​តាមរយៈ​សម្លេង​រោទិ៍CallTuneនេះ។ និយាយ​មួយ​បែប​ទៀត​រដ្ឋាភិបាល​ក៏ទទួល​ស្គាល់​ពី​ការ​ធុញ​ទ្រាន់​របស់​ពលរដ្ឋ​ជុំវិញ​សម្លេង​រោទិ៍CallTune នេះ​ដែរ។  
លោក អ៊ឹម វុត្ថា អ្នក​នាំ​ពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​នៃ​ក្រសួង​ប្រៃសណីយ៍​បាន​អះ​អាង​​​ថា ក្រសួង​កំពុង​រង​ចាំ​សេចក្ដី​សម្រេច​ផ្លូវការ​ពី​រដ្ឋាភិបាល​ទើប​ធ្វើ​ការ​ជូន​ដំណឹងទៅ​បណ្ដាល​ក្រុមហ៊ុន​ទូរសព្ទ​នៅ​កម្ពុជា​ដើម្បី​ផ្ដាច់​សម្លេងរោទិ៍​CallTune ស្ដីពី​គ្រឹះស្ថាន​មីក្រូហិ​រញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា ជា​របស់​ឯកជន​មិន​មែន​ជា​របស់​រដ្ឋ។
លោក អ៊ឹម វុត្ថា បាន​វាយ​តម្លៃ​ថា ក្រុមហ៊ុន​ទូរសព្ទ​នៅ​កម្ពុជា​បាន​ដាក់​សម្លេង​រោទិ៍CallTune ស្ដីពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​មិនមែន​ជារបស់​រដ្ឋ​បាន​ចំនួន​មួយ​រយ​ភាគ​រយ​រួច​ទៅ​ហើយ។ មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​ក៏​ស្ទើរ​តែមួយ​រយ​ភាគ​រយ​ហើយ​ដែរ​ដឹង​ថា គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជា​របស់​ឯកជន បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​រយៈ​ពេល​ជាង​១​ខែ។
លោក អ៊ឹម វុត្ថា បាន​គូស​បញ្ជាក់​ថា កត្តា​ដែល​រដ្ឋាភិបាល​ហ៊ាន​សន្និដ្ឋាន​ថា ពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​នោះ គឺ​តាម​រយៈ​កំណើន​នៃ​ការ​ប្រើប្រាស់​ទូរសព្ទ​របស់​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​រហូត​ដល់​ទៅ​១៩​លាន​កន្លះ​បើ​ប្រៀប​ធៀប​ចំនួន​ពលរដ្ឋដែល​មាន​ចំនួន​១៥​លាន​នាក់។ មូល​ហេតុ​មួយ​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​សម្រេច​ផ្ដាច់សម្លេង​រោទិ៍CallTune នៅ​ត្រឹម​ចុង​ខែ​មីនា​នេះ​ក៏​ដោយ​សារ​តែ​ការ​មិន​សប្បាយ​ចិត្ត​របស់ពលរដ្ឋ​រូម​ផ្សំ​ផង​នៅ​ពេល​ដែល​លឺ​សម្លេងរោទិ៍​នេះ។ ប៉ុន្តែ​សម្រាប់​ការ​ផ្សព្វ​ផ្សាយ នៅតាម​កញ្ចក់​ទូរទស្សន៍​ សារព័ត៌មាន​នានា និង​គេហ​ទំព័រ​នៅ​បន្ត​ដដែល។ 
សូមបញ្ជាក់ថា យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដាក់​សម្លេងរោទិ៍​CallTune ស្ដីពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​មិនមែនជា​របស់​រដ្ឋ​នេះ​បាន​ប្រើ​ពេល​ផ្សព្វផ្សាយ​ជាង​មួយ​ខែ​មក​ហើយ។ នេះ​ជា​យុទ្ធនាការ​មួយក្នុង​ចំណោម​យុទ្ធនាការ​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ជឿ​ថា​មាន​ប្រសិទ្ធ​ភាព។ បន្ថែមពី​លើ​នេះ​រដ្ឋាភិបាល​ក៏​បាន​តម្រូវ​ឲ្យ​រាល់​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ប្រកាស​ខ្លួនឯង​ជា​របស់​ឯកជន​ផង​ដែរ តាមរយៈ​ការ​បិទ​ស្លាក​នៅ​ពី​ខាង​មុខ៕

This Is The Oldest Page