Saturday, March 18, 2017

ហេតុផល​​ដែល​អ្នក​គួរ​បង្រៀន​ក្មេង​ៗ​ថា​​ «​ការ​កុហក» ​គឺ​ជា​រឿង​អាក្រក់

ការ​កុហក ​គឺ​ជា​រឿង​​ដែល​ក្មេង​តូច​ៗ​ និង​ក្មេងជំទង់​ច្រើន​ធ្វើ​ចំពោះ​ឪពុក​ម្ដាយ​របស់​គេ។ ពេល​ខ្លះ ពួក​គេ​កុហក​ដោយ​សារ​តែ​ចង់​ជៀសវាង​​បញ្ហា​ ឬ​សម្ពាធ​ពី​ឪពុកម្ដាយ។ ​ ប៉ុន្តែ វា​ពិត​ជា​សារៈសំខាន់​ដែល​យើង​បង្រៀន​ក្មេង​ឲ្យ​យល់​ដឹង​ពី​ភាព​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់។ ខាង​ក្រោម​នេះ​វិធី​ដែល​អ្នក​អាច​ប្រើ​ប្រាស់​ពេល​និយាយ​ជា​មួយ​ក្មេងៗ​អំពី​ការ​កុហក​បាន៖

១) កុហក​​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត៖ ទំនុក​ចិត្ត​គឺ​ជា​រឿង​សំខាន់​ណាស់​​។ ឪពុក​​ម្ដាយ​ត្រូវ​ធ្វើ​ជា​គំរូ​ប្រសិន​ជា​ពួក​គាត់​ចង់​ឲ្យ​កូន​មាន​ភាព​ស្មោះ​ត្រង់​ដូច​គ្នា។ អ្នក​ត្រូវ​បង្ហាញ​ថា​ ទោះ​បី​ជា​ការ​កុហក​នោះ​តូច​យ៉ាង​ណា​ក្តី ប្រសិន​ជា​កុហក​ហើយ ជំនឿ​ទុក​​ចិត្ត​នោះ​នឹង​បាត់បង់​ជា​មិន​ខាន។

២) មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន៖ អ្នក​ត្រូវ​បង្រៀន​កូន​របស់​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​​​នៃ​ភាព​ស្មោះ​ត្រង់ ពី​ព្រោះ​ថា​​មនុស្ស​នឹង​ចាប់​ផ្តើម​ទុក​ចិត្ត​នូវ​អ្វី​ដែល​កូន​របស់​អ្នក​និយាយ​ឬ​ធ្វើ។ មនុស្ស​ដែល​ទទួល​បាន​ការ​ទុក​ចិត្ត​នឹង​ជោគជ័យ​ក្នុង​ជីវិត​ដោយ​សារ​តែ​មេ​ឬ​មនុស្ស​ដទៃ​ហ៊ាន​​ប្រគល់​កិច្ច​ការ​សំខាន់ៗ​ឱ្យ​ធ្វើ។

៣) កុហក​មិន​ដែល​ជា​រឿង​ល្អ​នោះ​ទេ៖ ក្មេង​ៗ​ជា​ច្រើន​គិត​ជា​ការ​កុហក​នឹង​ជួយ​ឲ្យ​ពួក​គេ​គេច​ចេញ​ពី​បញ្ហា។ ដូច្នេះ​ហើយ អ្នក​ត្រូវ​រំលឹក​កូន​របស់​អ្នក​នូវ​លទ្ធផល​ប្រសិន​ជា​ពួក​គេ​ត្រូវ​ចាប់​បាន​ពី​ការ​កុហក។

៤) មិន​អាច​មាន​មិត្តភាព​ល្អ​បាន៖ ក្មេង​ៗ​ជា​ច្រើន​ចូល​ចិត្ត​កុហក​អ្វី​ដែល​ហួស​ពី​ការ​ពិត​ដើម្បី​មើល​ទៅ​ឡូយឆាយ​នៅ​មុខ​មិត្តភ័ក្ដិ។​អ្នក​គួរ​តែ​ប្រាប់​គេ​ថា​ ​​ការ​ពិត​ទៅ​ពួក​គេ​ពុំ​ចាំ​បាច់​ធ្វើ​​​​អីចឹង​ទេ​ព្រោះ​ថា​​បើ​​ពួក​គេ​ត្រូវ​បាន​គេ​ចាប់​បាន ពួក​គេ​​នឹង​​បាត់​បង់​មិត្ត​​និង​ទំនុក​ចិត្ត​ពី​មនុស្ស​ដទៃ៕